Oleg Starynskyi បញ្ជាក់ថា ភ្នំពេញក្រោនគ្មានលេសឡើយ មុនជួប Boeung Ket
Starynskyi insists on ‘no excuses’ as Phnom Penh Crown prepare for Boeung Ket

Oleg Starynskyi បញ្ជាក់ថា ភ្នំពេញក្រោនគ្មានលេសឡើយ មុនជួប Boeung Ket

2 នាទីអាន

គ្រូបង្គោលក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បានជំរុញឱ្យកីឡាកររបស់លោកទទួលយកការប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដោយបញ្ជាក់ថា ក្រុមមិនត្រូវយកកាលវិភាគមមាញឹកធ្វើជាលេសឡើយ មុនការប្រកួតក្នុងដីជាមួយបឹងកេត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនប្រកួត លោក Oleg បានគិតថា ជំនួប Classic Match នេះនឹងមានការប្រកួតប្រជែងខ្លាំង ដោយចំណាត់ថ្នាក់បច្ចុប្បន្នរបស់ក្រុមទាំងពីរក្នុងលីគមិនអាចបន្ថយសារៈសំខាន់ ឬភាពតានតឹងនៃជំនួបនេះបានឡើយ។

លោក Oleg បាននិយាយថា៖ «ការប្រកួតនេះតែងតែមានភាពតានតឹង និងមាការផ្តោតអារម្មណ៍ខ្លាំង។ អ្នកគាំទ្រប្រាកដជានឹងបានទស្សនាបាល់ទាត់ដែលមានគុណភាព ព្រោះក្រុមទាំងពីរពិតជាត្រូវការជ័យជម្នះ»។

នៅពេលត្រូវបានសួរអំពីកាយសម្បទា និងស្មារតីរបស់កីឡាករ បន្ទាប់ពីបំពេញភារកិច្ចលើឆាកអន្តរជាតិ គ្រូបង្គោលរូបនេះបានទទួលស្គាល់ពីបន្ទុកនៃកាលវិភាគដ៏មមាញឹក ប៉ុន្តែលោកមិនចង់យកបញ្ហានេះមកធ្វើជាលេសឡើយ។

លោកបាននិយាយថា៖ «យើងចង់ប្រកួតពីរលើកក្នុងមួយសប្តាហ៍ ជាជាងប្រកួតតែមួយលើកក្នុងមួយសប្តាហ៍ ដូច្នេះយើងគ្មានលេសទេ»។

លោកបានបន្ថែមថា៖ «ប្រាកដណាស់ វាតែងតែធ្វើឱ្យយើងចំណាយថាមពល និងមានពេលត្រៀមខ្លួនតិច ប៉ុន្តែយើងជាក្លិបអាជីព ហើយយើងត្រូវត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមបែបនេះផងដែរ»។

លោក Oleg បានពន្យល់ថា ការប្រកួតលើឆាកអន្តរជាតិ និងការតំណាងឱ្យកម្ពុជា គឺជាឱកាសដែលក្លិបបានខិតខំប្រឹងប្រែងដើម្បីទទួលបាន ដូច្នេះភ្នំពេញក្រោនត្រូវទទួលយកបន្ទុកនៃការប្រកួតទាំងនេះ ហើយទន្ទឹមនឹងការបន្តស្វែងរកជោគជ័យក្នុងស្រុក និងឱកាសចូលរួមប្រកួតអន្តរជាតិនាពេលខាងមុខ។

ចំពោះសំណួរអំពីលទ្ធផលថ្មីៗ និងការកែប្រែសម្រាប់ការប្រកួតបន្ទាប់ លោកបាននិយាយថា លោកមិនយល់ថាក្រុមចាំបាច់ត្រូវផ្លាស់ប្តូរអ្វីធំដុំនោះទេ ផ្ទុយទៅវិញលោកបានលើកឡើងពីការសម្រេចចិត្តមួយចំនួន ដែលលោកយល់ថាបានធ្វើឱ្យក្រុមរបស់លោកខាតប្រយោជន៍។

លោក Oleg បាននិយាយថា៖ «ខ្ញុំគិតថា មិនចាំបាច់ផ្លាស់ប្តូរអ្វីទេ ខ្ញុំគិតថា មានពេលវេលាមួយចំនួន ជាមួយការនិងការសម្រេចចិត្តមានការប៉ះពាល់ និងប្រឆាំងនឹងយើង។ ខ្ញុំគិតថាការសម្រេចចិត្តខ្លះគឺអយុត្តិធម៌»។

គ្រូបង្គោលរូបនេះក៏បានបង្ហាញក្តីបារម្ភចំពោះការកាត់សេចក្តីក្នុងលីគកំពូលកម្ពុជា។ តាមការវាយតម្លៃរបស់លោក កំហុសបានកើតមានញឹកញាប់ជាងមុន ហើយពេលខ្លះការសម្រេចចិត្តបានជះឥទ្ធិពលលើលទ្ធផល លើសពីអ្វីដែលក្រុមទាំងពីរបានបង្ហាញនៅលើទីលាន។

ការរិះគន់របស់លោកមិនបានផ្តោតតែលើការប្រកួតរបស់ភ្នំពេញក្រោននោះទេ។ លោក Oleg បាននិយាយថា លោកយល់ថាបឹងកេតមានការប៉ះពាល់មួយចំនួនផងដែរ ព្រោះតាមទម្រង់លេងរបស់ក្រុមនេះ ពួកគេសមនឹងទទួលបានការកោតសរសើរជាងនេះ។ ទោះជាយ៉ាងណា សម្រាប់ជំនួបខាងមុខ លោកចង់ឱ្យការយកចិត្តទុកដាក់ផ្តោតលើបាល់ទាត់ ជាជាងបញ្ហាចម្រូងចម្រាស។

លោកបាននិយាយថា៖ «យើងចង់បានការប្រកួតដ៏ល្អមួយ»។

គ្រូបង្គោលរូបនេះបានកោតសរសើរការខិតខំប្រឹងប្រែង និងទម្រង់លេងរបស់កីឡាករ ដោយបញ្ជាក់ថា អ្នកគាំទ្រអាចមើលឃើញពីរបៀបដែលក្រុមកំពុងប្រឹងប្រែងប្រយុទ្ធសម្រាប់ការប្រកួតប្រជែងបាន។

លោកបាននិយាយថា៖ «ថ្ងៃស្អែក យើងត្រូវយកពិន្ទុទាំងបីនេះ ហើយបន្តទៅមុខទៀត»។

ចែករំលែកអត្ថបទនេះ

ព័ត៌មានថ្មីៗ